Luke 21

តង្វាយ​របស់ស្ដ្រី​មេម៉ាយ​ម្នាក់​

1ពេលនោះ​ព្រះអង្គ​ក្រឡេក​ឃើញ​ពួក​អ្នក​មាន​កំពុង​ដាក់តង្វាយ​របស់​ពួកគេទៅក្នុងហិបតង្វាយ 2ហើយព្រះអង្គ​ក៏ឃើញស្ដ្រីមេម៉ាយក្រីក្រម្នាក់​កំពុង​ដាក់​កាក់​ពីរឡិបតា​ទៅ​ក្នុង​ហិប​នោះ​ដែរ។ 3ព្រះអង្គក៏មានបន្ទូលថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នាជាប្រាកដថាស្ដ្រីមេម៉ាយក្រីក្រ​ម្នាក់​នេះ​បាន​ដាក់តង្វាយច្រើនជាង​មនុស្ស​គ្រប់​គ្នា 4ព្រោះមនុស្ស​ទាំងនោះដាក់តង្វាយពីសំណល់​របស់​ពួកគេប៉ុន្ដែស្ដ្រី​ម្នាក់​នេះ​ទោះបើ​នាង​ក្រីក្រ​យ៉ាងណា​នាង​បាន​ថ្វាយ​អ្វីៗ​ទាំងអស់ដែល​នាង​មាន​ដល់​ព្រះជាម្ចាស់»។

ព្រះយេស៊ូប្រាប់​អំពីវិនាសកម្ម​​ព្រះវិហារ​

5កាល​អ្នក​ខ្លះ​កំពុង​និយាយអំពី​ព្រះ​វិហារដែល​បាន​តុបតែង​ដោយ​ថ្មប្រណិតនិងតង្វាយ​ព្រះអង្គ​ក៏​មានបន្ទូលថា 6«អ្វី​ដែល​អ្នករាល់គ្នា​ឃើញទាំងនេះនៅថ្ងៃ​មក​ដល់ថ្មដែលត្រួត​លើ​គ្នា​នឹង​ត្រូវ​រើចោលគ្មានសល់ឡើយ»។

ព្រះយេស៊ូប្រាប់​អំពីទីសំគាល់នៃ​ថ្ងៃចុងក្រោយ​

7ពួកគេ​ក៏ទូលសួរព្រះអង្គថា៖ ​«លោក​គ្រូ​តើ​ការទាំងនេះនឹងកើតឡើងនៅ​ពេល​ណា? ​នៅពេល​ការ​ទាំងនេះជិតកើតឡើង​តើ​នឹង​មាន​ទីសំគាល់អ្វីខ្លះ 8ព្រះអង្គមានបន្ទូលថា៖ ​«ចូរ​ប្រយ័ត្ន​អ្នករាល់គ្នា​កុំចាញ់បោក​គេ​ឡើយដ្បិត​មនុស្ស​ជាច្រើន​នឹង​មកក្នុងឈ្មោះខ្ញុំ​ហើយ​និយាយថាខ្ញុំនេះហើយពេលវេលាជិត​ដល់​ហើយ​នោះ​ចូរ​កុំទៅតាមពួកគេ​ឲ្យ​សោះ 9ពេលណាអ្នក​រាល់​គ្នា​​អំពី​សង្គ្រាមនិងចលាចល​ចូរ​កុំភ័យខ្លាចឡើយព្រោះ​ការ​ទាំងអស់នេះត្រូវតែកើតឡើងជាមុនប៉ុន្ដែមិន​ទាន់​ដល់​ទីបញ្ចប់ភ្លាមទេ»។ 10រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖ ​«ជនជាតិមួយ​នឹង​ក្រោកឡើងទាស់នឹងជនជាតិមួយហើយប្រទេសមួយទាស់នឹងប្រទេសមួយ 11ព្រមទាំងមានការរញ្ជួយដីធំៗគ្រោះអត់ឃ្លាននិងជំងឺរាតត្បាតនៅតាមកន្លែងផ្សេងៗព្រមទាំងមាន​ហេតុការណ៍​តក់ស្លុតនិងទីសំគាល់ធំពីលើមេឃ​ផង។ 12ប៉ុន្ដែនៅមុន​សេចក្ដី​ទាំងអស់នេះ​ពួកគេ​នឹង​ចាប់អ្នករាល់គ្នាបៀតបៀន​អ្នករាល់គ្នា​ប្រគល់អ្នករាល់គ្នា​ទៅ​ឲ្យ​សាលាប្រជុំហើយដាក់គុក​អ្នករាល់គ្នា​ទាំង​នាំទៅឲ្យស្ដេចនិង​ពួក​អភិបាលព្រោះតែឈ្មោះខ្ញុំ 13តែពេល​វេលា​នោះ​ត្រលប់ជា​ឱកាស​សម្រាប់អ្នករាល់គ្នាធ្វើទីបន្ទាល់​វិញ។ 14ដូច្នេះចូរ​ចាំ​ទុក​ក្នុងចិត្ដ​របស់​អ្នករាល់គ្នាចុះកុំរៀបចំការពារខ្លួន​ជា​មុន​ឲ្យ​សោះ 15ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នា​មាន​ថ្វីមាត់ព្រមទាំងប្រាជ្ញាដែលគូវិវាទទាំងអស់មិនអាចតតាំងជំទាស់​នឹង​អ្នករាល់គ្នាបានឡើយ 16ប៉ុន្ដែសូម្បីតែឪពុកម្ដាយបងប្អូន​សាច់​ញាតិនិងមិត្ដភក្ដិ​ក៏​ក្បត់​នឹង​អ្នករាល់គ្នាដែរហើយ​ពួកគេ​នឹង​សម្លាប់​អ្នក​ខ្លះ​ក្នុងចំណោមអ្នករាល់គ្នា 17ហើយមនុស្ស​ទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះតែឈ្មោះខ្ញុំ 18ប៉ុន្ដែសូម្បីតែសក់​មួយ​សរសៃលើក្បាលអ្នករាល់គ្នាក៏មិន​បាន​វិនាសឡើយ 19ដោយសារការស៊ូទ្រាំ​របស់​អ្នករាល់គ្នា​អ្នករាល់គ្នា​នឹង​ទទួលបានជីវិត​វិញ 20ប៉ុន្ដែនៅ​ពេល​អ្នករាល់គ្នា​ឃើញកងទ័ពឡោមព័ទ្ធ​ក្រុង​យេរូសាឡិមនោះ​ចូរ​ដឹងថា​សេចក្ដី​រលំរលាយ​នៃ​ក្រុងនោះជិត​មកដល់​ហើយ 21ពេលនោះចូរ​ឲ្យ​ពួក​អ្នកនៅ​ស្រុក​យូដាភៀសខ្លួនទៅភ្នំ​ចុះ​​ពួក​អ្នកនៅកណ្ដាលក្រុងចាកចេញ​ពី​ក្រុង​នោះ​ហើយកុំ​ឲ្យ​ពួក​អ្នកនៅស្រែចម្ការ​ត្រលប់​ចូល​ក្នុង​ក្រុង​នោះ​ឲ្យ​សោះ 22ពីព្រោះថ្ងៃទាំងនេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សង​សឹក​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដីទាំងអស់​ដែល​បាន​ចែង​ទុក​មក​បាន​សម្រេច 23ស្ដ្រីមានផ្ទៃពោះនិងស្ដ្រី​កំពុង​បំបៅកូន​នឹង​វេទនាណាស់នៅគ្រានោះព្រោះសេចក្ដី​ទុក្ខ​ព្រួយដ៏សម្បើម​នឹង​មាន​នៅ​លើទឹកដីនេះហើយកំហឹង​ក៏​ធ្លាក់​លើ​ប្រជាជននេះ 24ពួកគេនឹង​ដួល​ស្លាប់​ដោយ​មុខដាវហើយត្រូវ​នាំ​យក​ជា​ឈ្លើយទៅ​គ្រប់​ជាតិសាសន៍ទាំងអស់​ក្រុង​យេរូសាឡិម​វិញ​នឹងត្រូវ​សាសន៍​ដទៃជាន់ឈ្លីរហូតដល់ពេលវេលា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់ 25នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យ​លោក​ខែនិងផ្កាយហើយជនជាតិនា​នា​នៅលើផែនដី​នេះ​នឹង​មាន​សេចក្ដី​ថប់បារម្ភ​ទាំង​ទ័លប្រាជ្ញាដោយសារសំឡេងសន្ធឹកសមុទ្រនិងទឹករលក 26មនុស្សនឹង​ស្រយុតចិត្ដដោយសារ​ការ​ភ័យខ្លាចនិងការ​ទន្ទឹង​រង់ចាំ​ហេតុការណ៍​ដែល​នឹង​កើតឡើង​នៅ​លើពិភពលោកដ្បិតអំណាច​នៅ​ស្ថានសួគ៌នឹងរង្គោះរង្គើ 27ពេលនោះពួកគេ​នឹង​ឃើញកូនមនុស្ស​យាង​មកនៅលើពពកប្រកបដោយអំណាចនិងសិរីរុងរឿង​ដ៏​អស្ចារ្យ 28នៅពេល​ហេតុ​ការណ៍​ទាំងនេះចាប់ផ្ដើមកើតឡើង​ចូរ​អ្នករាល់គ្នា​ក្រោកឈរងើយក្បាល​របស់​អ្នករាល់គ្នាឡើងព្រោះសេចក្ដីប្រោសលោះ​សម្រាប់​អ្នករាល់គ្នាជិតមកដល់ហើយ»។

រឿន​ដើមល្វា​

29ព្រះអង្គ​ក៏មានបន្ទូល​ប្រាប់​ពួកគេ​ពី​រឿង​ប្រៀប​ប្រដូច​មួយថា៖ ​«ចូរ​មើល​ដើម​ល្វានិងដើមឈើទាំងអស់ចុះ 30ពេលណា​ឃើញ​ស្លឹក​វា​លាស់​ឡើងហើយ​នោះ​អ្នករាល់គ្នា​ដឹងដោយ​ខ្លួន​ឯងថារដូវក្ដៅជិតមកដល់ហើយ 31អ្នករាល់គ្នា​វិញ​ក៏​ដូច្នេះដែរពេលណា​អ្នករាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំងនេះកើតឡើង​ចូរ​ដឹងថានគរព្រះជាម្ចាស់នៅជិតបង្កើយ 32ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាមនុស្សជំនាន់នេះ​នឹង​មិនស្លាប់​អស់​ឡើយលុះត្រាតែ​ហេតុការណ៍​ទាំងអស់នេះកើតឡើង​សិន 33ផ្ទៃមេឃនិងផែនដី​នឹង​រលាយ​បាត់​ទៅប៉ុន្ដែពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់សោះឡើយ 34ដូច្នេះចូរ​អ្នករាល់គ្នា​ប្រយ័ត្នខ្លួនក្រែងលោចិត្ដ​របស់​អ្នករាល់គ្នាផ្ទុក​ដោយ​ការស្រវឹងអួនិងការ​ខ្វល់​ខ្វាយ​នៃ​ជីវិតហើយថ្ងៃនោះ​អាច​ធ្លាក់​មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់ 35ដ្បិតថ្ងៃ​នោះ​នឹង​ធ្លាក់​មកលើមនុស្សទាំងអស់ដែល​កំពុង​រស់នៅលើផ្ទៃផែនដីទាំងមូល 36ដូច្នេះអ្នករាល់គ្នា​ត្រូវ​ប្រុងស្មារតី​ទាំង​អធិស្ឋានគ្រប់ពេលវេលាដើម្បី​ឲ្យ​អ្នករាល់គ្នា​អាចគេចផុត​ពី​ហេតុ​ការណ៍​ទាំងអស់នេះដែលនឹងកើតឡើងហើយឈរនៅ​ចំពោះ​មុខកូនមនុស្ស​បាន»។ 37ព្រះអង្គបានបង្រៀននៅក្នុង​ព្រះ​វិហារ​នៅ​ពេល​ថ្ងៃហើយ​ពេល​យប់​បាន​ចេញទៅសម្រាកនៅភ្នំមួយឈ្មោះថា​ភ្នំ​ដើមអូលីវ 38រីឯប្រជាជនទាំងអស់គ្នា​វិញ​ក្រោក​តាំង​ពី​ព្រលឹមទៅរកព្រះអង្គនៅក្នុង​ព្រះ​វិហារ​ដើម្បី​ស្ដាប់ព្រះអង្គ
Copyright information for KhmKCB